ពិតជាគួរអោយអាណិតខ្លាំងណាស់!! ពលករខ្មែរស្លាប់បួននាក់ និងរបួសបីនាក់ ពេលជួបគ្រោះថ្នាក់ ចរាចរណ៍នៅប្រទេសថៃ

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន បួននាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅក្នុងចំណោមពលករខ្មែរទាំង ប្រាំពីរនាក់ ខណៈដែលពួកគេបាននាំគ្នាជិះរថយន្តតាក់ស៊ីចូលទៅកាន់ទីក្រុងបាងកកដើម្បីរកការងារធ្វើ ក៏បានជួបនឹងឧប្បទ្ទវហេតុនៅតាមដងផ្លូវ ។

តាមសេចក្តីរាយការណ៍ដែលយើងទទួលបានគឺ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទី រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ៣៣១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២១-១២២
ស្ថិតនៅត្រង់ចំណុចណងអ៊ីថូន ភូមិ១៤ ឃុំកោះខ្នុរ ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅ ប្រទេសថៃ ។

ក្រោយពីកម្លាំងតម្រួតបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុគឺបានសង្កេតឃើញថាមានរថយន្តមួយគ្រឿងម៉ាកនីសាន់ ណាវ៉ារ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ៧២៦២ បានបើកទៅបុកពីក្រោយរថយន្តធុនធ្ងន់ម៉ាក ហ៊ីណូ ប្រភេទយីឌុប សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ៧០.០៩៨០ និង ៧០.៣១១៦ ដោយរថយន្តនីសាន់ ស្ថិតក្នុងសភាពខ្ទេចខ្ទី ព្រមទាំងមានមនុស្សស្លាប់ជាច្រើននាក់ផងដែរដោយនៅពេលនោះមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង។

នៅពេលនោះទាំងក្រុមតម្រួត ក៏ដូចជាប្រជាពលរដ្ឋ បាននាំគ្នាប្រើប្រាស់ឧបករណ៍ដើម្បីគាស់ទាញយកសពអ្នកបើកបរ ដែលត្រូវក្បាលរថយន្តកៀបជាប់ទៅនឹងចង្កូតចំណែកអ្នកដំណើរនៅខាងក្រោយ ដែលជាពលករជនជាតិខ្មែរចំនួន ប្រាំពីរនាក់ ត្រូវស្លាប់នៅនឹងកន្លែងចំនួន បួននាក់ និងបីនាក់ទៀតរងរបួសធ្ងន់ ដោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពទ្យដើម្បីជួយសង្គ្រោះផងដែរ។

នៅពេលនោះដែរគឺអ្នកដំណើរដែលស្លាប់គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយគ្រាន់តែដឹងថា អ្នករបួសមានឈ្មោះ នីត ភេទស្រី អាយុ៣៤ឆ្នាំ ឈ្មោះខេង ភេទប្រុស អាយុ២២ឆ្នាំ និងកុមារម្នាក់ អាយុ២ឆ្នាំ ចំណែកអ្នកបើកបរដែលស្លាប់ដែរនោះមានឈ្មោះ ផុងផាត់ មេតអាំផន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ១ ឃុំបាងក្លឿ ស្រុកបាងប៉ាក់កុង ខេត្តឆាក់ឈើងសៅ។

លោក ជីរ៉ាក់វ៉ាត់ ភូក្រងថង អាយុ៣៩ឆ្នាំ អ្នកបើកបររថយន្តធំ បានរៀបរាប់ថាខណៈដែលខ្លួនកំពុងបើកបរដល់ត្រង់ចំណុចកើតហេតុ គាប់ជួនមេឃក៏កំពុងធ្លាក់ភ្លៀង យ៉ាងខ្លាំងផងនោះ ស្រាប់តែឮសម្លេងអ្វីម៉្យាងមកបុកពីក្រោយ ពេលខ្លួនចុះទៅមើលក៏ស្រាប់តែឃើញសភាពបែបនេះ ខ្លួនក៏ប្រញ៉ាប់ទូរសព្ទទៅប្រាប់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យ ។

បច្ចុប្បន្នក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចកំពុងដាក់កម្លាំងដើម្បីចុះធ្វើការសាកសួរបន្ថែមទៅលើអ្នកដែលរងរបួសកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ចំណែកសពក៏កំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីទាក់ទងទៅអគ្គកុងស៊ុល និងបញ្ជូនទៅកាន់ស្រុកកំណើតនៅឯប្រទេសកម្ពុជាវិញ ដោយបញ្ហានេះសមត្ថកិច្ចបានសន្និដ្ឋានថាអាចបណ្តាលមកពីការរអិលទឹកភ្លៀងដោយសារតែការបើកបរលឿនហួសកំណត់ឬក៏អាចបណ្តាលមកពីអ្នកបើកបរងងុយដេកផងក៏មិនដឹង ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police