ពុទ្ធោ​ខ្មែរ​អើយ​ខ្មែរ! ចាក់​សំលាប់​ខ្មែរគ្នាឯង ស្លាប់​ម្នាក់​នៅ​ខេត្ត​ច័ន្ទ​បុរី

ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ម្នាក់  ដែល​ចូលទៅ​ធ្វើការ​ជា​កម្មករ​បេះ​ផ្លែឈើ  នៅក្នុង​ប្រទេស​ថៃ​បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម  ខណៈដែល​ជនរងគ្រោះ​ជាមួយនឹង មិត្ត​រួមការ​ងារ​ដែលជា​ខ្មែរ​ដូចគ្នា  បាន​ជួបជុំ​ផឹក​ស៊ី​បន្តិច​ប​ន្ទួ​ច​ហើយ​បាន​ទាស់សំដី​គ្នា​ទៅវិញទៅមក  រហូត​ឈានដល់​ការចាក់សំលាប់​គ្នាឯង​តែម្តង ។ យោងតាម​របាយការណ៍​របស់​ភាគី​ថៃ​ដែល​យើង​ទទួលបាន​គឺ  ហេតុ​ការ​នៃ​អំពើ​ឃាតកម្ម នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ យប់  ថ្ងៃទី ២៩  ខែឧសភា  ឆ្នាំ២០១៧  ត្រង់ ចំណុច​ក្នុង​បរិវេណ​ចំការ​មៀន​មួយកន្លែង  ស្ថិត​ក្នុងភូមិ៨  ឃុំ​ថាប់​ឆាង  ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី  ប្រទេស​ថៃ។

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម  ក្រុម​តម្រួត​ជំនាញ​ថៃ​បាន​ចុះ​ប្រតិបត្តិការ​ទៅកាន់ ទីតាំង​ខាងលើ  ដោ​យស​ង្គេ​ត​ឃើញថា  ជនរងគ្រោះ​ដែល​ដេកស្លាប់​នៅក្រោម​ដើម​មៀន​នោះ​មានឈ្មោះ សេ  ជា​ពលករ​ខ្មែរ  មក​ធ្វើការ​ជា​កម្មករ​បេះ​ផ្លែឈើ  ជាមួយនឹង​កម្មករ ជាច្រើន​នាក់​ទៀត​ដែលជា​ជនជាតិខ្មែរ​ដូចគ្នា  ដោយ​នៅលើ​ខ្លួនប្រាណ​ផ្នែក​ខាងឆ្វេង មាន​ស្នាម​ចាក់​ដោយ​កាំបិត​ពាសពេញ​រាងកាយ  បណ្តាលអោយ​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម។

ឯ​ជនបង្ក​ដែលមាន​គ្នា៣នាក់  ក៏បាន​គេចខ្លួន​បាត់អស់​ទាំងយប់  ដោយ​ឃាត​កម្មនេះ​បាន​កើតឡើង​ដោយសារតែ​ទំនាស់​ពាក្យសំដី​ក្នុងពេល​ផឹកស៊ី  នៅក្នុង​ចំការ​មៀន  រហូត​ឈានដល់​ការចាក់សំលាប់​គ្នា ។ ក្រោយពី​បានធ្វើ​ការសាកសួរ  និង​ស្រាវជ្រាវ​ទៅលើ​កម្មករ​ដទៃទៀត​រួចមក​ទើប​ដឹងថា ជនសង្ស័យ​ដែលជា​ឃាតករ​មានឈ្មោះ ១. អយ គឹម​សុន  ភេទ​ប្រុស  អាយុ២៥ឆ្នាំ ២. អយ ពិសិដ្ឋ  ភេទ​ប្រុស  អាយុ២៩ឆ្នាំ  និង៣. រេ​ត វីរៈ  ភេទ​ប្រុស  អាយុ១៩ឆ្នាំ ជន​ទាំង៣នាក់  ជា​ពលករ​ខ្មែរ​ដែល​ចូលមក​ធ្វើការ​ក្នុងប្រទេស​ថៃ​តាម​ច្រក​តំបន់​អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក  ខេត្តបាត់ដំបង ។

ភ្លាមៗនោះដែរ  ក្រុម​តម្រួត​បាន​បោះដៃ​ទៅតាម​បណ្តា​កំលាំង​ដែល​ឈរជើង​ពី​ចំណុចកើតហេតុ  រហូតដល់​ខ្សែបន្ទាត់​ព្រំដែន  ស្រុក​ភ្នំព្រឹក  ទីបំផុត​ក៏ត្រូវ​ចាប់ខ្លួនបាន  ដោយ​បច្ចុប្បន្ន​ក្រុម​តម្រួត​ថៃ​ក៏បាន​ប្រគល់​ទៅ​អោយកំលាំង​ជំនាញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ឯ​សព​ក៏ត្រូវ​បាន​តម្រួត​កំពុង​ចាត់ចែង​រក​សាច់ញាតិ​ដើម្បី​បញ្ជូន​ចូលមក​កម្ពុជា​វិញ ក្នុងការ​រៀបចំ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ផ្តល់សិទ្ធដោយ: vd7news.com