ហួសចិត្ត៖ ប្តីទារលុយ៦០០០ដុល្លារ ជាថ្នូរដោះលែងប្រពន្ធ ឲ្យប្រុសសហាយ តែប្រពន្ធមានតែ២០០ដុល្លារ…

ភ្នំពេញ ៖ ស្ត្រីម្នាក់មានប្តី និងកូន៣នាក់ទៅហើយ តែដោយរស់នៅមិនសូវចុះសម្រុងនឹងគ្នា ទើបសម្រេចរស់នៅបែកពីប្តីមួយរយៈ ស្រាប់តែបែកគំនិតលួចលាក់មានប្រុសសហាយ និងថែមទាំងថ្លើមធំហ៊ាននាំប្រុសសហាយមករួមរ័កមេត្រីដល់ក្នុងបន្ទប់ជួល ទាំងវេលាទៀបភ្លឺទៀតផង លុះកំពុងប្រតិបត្តិការយ៉ាងក្តៅរោលរាល ស្រាប់តែបុរសជាប្តីមកទាន់ក៏ខ្ទប់ទ្វារ ចាក់សោពីក្រៅជាប់ រួចរត់ទៅប្តឹងប៉ូលិសឱ្យមកជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលផិតប្តីនាំប្រុសសហាយមករួមរ័កដល់ក្នុងបន្ទប់ជួលនោះ មានឈ្មោះហោ គន់ធឿន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃឥដ្ឋ ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកបុរសរងគ្រោះជាប្តី មានឈ្មោះអែត ដូយ អាយុ៤០ឆ្នាំ មុខរបរកសិករ ជាមនុស្សពិការជើងឆ្វេង ស្នាក់នៅភូមិប្រហារ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមានស្រុកកំណើតនៅភូមិកោះ ម៉ាកប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ រីឯប្រុសសហាយដែលថ្លើមធំហ៊ានមករួមរ័កជាមួយប្រពន្ធគេដល់ក្នុងបន្ទប់នោះ មានឈ្មោះ មាច ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ធ្វើការកន្លែងណា ស្នាក់នៅកន្លែងនោះ បច្ចុប្បន្នស្នាក់នៅ ការដ្ឋានសំណង់ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមសម្តីបុរសរងគ្រោះជាប្តី បានរៀបរាប់ប្រាប់ថា ពួកគាត់២នាក់ប្តីប្រពន្ធ បានរៀបការក្រាបក្បាលដល់កន្ទេល ដោយមានមេបាចាស់ទុំដឹងឮត្រឹមត្រូវ អស់រយៈពេល៨ឆ្នាំមកហើយ និងបានរួមរស់បង្កើតកូនចំនួន៣នាក់ ស្លាប់២នាក់ នៅរស់កូនប្រុសម្នាក់ រស់នៅឯស្រុកកំណើត។ ដំបូងឡើយ ប្តីប្រពន្ធគាត់រួមរស់ចុះសម្រុងនឹងគ្នាល្អណាស់ តែក្រោយមក នៅអំឡុងឆ្នាំ២០១៥ កន្លងទៅ ជីវិតគ្រួសារគាត់ដូចជាមានរឿងរកាំរកូសរាប់មិនអស់ និងឧស្សាហ៍ទាស់ទែងខ្វែងគំនិតគ្នាណាស់ រហូតដល់ពួកគាត់សម្រេចចិត្តរស់នៅដាច់ដោយឡែកពីគ្នាមួយរយៈ ដោយប្រពន្ធសុំមកធ្វើការងាររោងចក្រនៅភ្នំពេញ ចំណែកគាត់ជាប្តីនៅផ្ទះឯស្រុកកំណើតមើលថែកូន។ ចំណែកសម្ព័ន្ធមេត្រីស្នេហ៍រវាងប្តីប្រពន្ធគាត់ ចេះតែឈានទៅរកភាពសោះអង្គើយនឹងគ្នា ដោយប្រពន្ធចេះតែរកលេសសុំលែងលះជានិច្ច តែគាត់ជាប្តីមិនព្រម ទើបចេះតែអូសបន្លាយរហូតដល់បច្ចុប្បន្ន។ ទីបំផុត ពុតត្បុតប្រពន្ធបានបែកធ្លាយ បន្ទាប់ពីសាច់ញាតិដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា ឃើញនាងបើកដៃហៅប្រុសសហាយមកដេកដល់បន្ទប់ជួល ក៏ទូរស័ព្ទប្រាប់គាត់ឡើងមកមើលឱ្យឃើញផ្ទាល់នឹងភ្នែក ធ្វើឱ្យគាត់ជាប្តីស្ទើរកកឈាមស្លាប់ ព្រោះទង្វើប្រពន្ធផិតក្បត់។

បុរសជាប្តី បានបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ សាច់ញាតិខាងប្រពន្ធម្នាក់ ដែលស្នាក់នៅបន្ទប់ជួលក្បែរប្រពន្ធរបស់គាត់ បានប្រទះឃើញប្រពន្ធរបស់គាត់នាំប្រុសស្នេហ៍មកដេករួមរ័កមេត្រីដល់បន្ទប់ជួល ទើបលួចទូរស័ព្ទប្រាប់គាត់ជាប្តី។ គ្រាន់តែឮដំណឹងបែបនេះភ្លាម គាត់បានជួលរថយន្តតាក់ស៊ី ធ្វើដំណើរចេញពីស្រុកកំណើតទាំងយប់ តាមរកប្រពន្ធដល់ផ្ទះជួល ដើម្បីចង់ដឹងច្បាស់ថា តើដូចអ្វីដែលគេនិយាយប្រាប់ឬអត់។ រហូតមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ គាត់ក៏ធ្វើដំណើរមកដល់បន្ទប់ជួលរបស់ប្រពន្ធ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្រទះឃើញប្រពន្ធកំពុងរួមរ័កមេត្រីជាមួយប្រុសសហាយយ៉ាងត្រេកត្រអាល ភ្លេចប្តីភ្លេចកូនអស់ លុះតាមទាន់ឃើញប្រពន្ធនិងប្រុសសហាយ កំពុងប្រតិបត្តិការស្នេហាលើគ្រែបែបនេះ ធ្វើឱ្យគាត់ក្តៅចិត្តពេក ក៏ចាក់សោទ្វារបន្ទប់ពីក្រៅជាប់ រួចរត់ទៅប្តឹងប៉ូលិសសុំឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនប្រពន្ធនិងប្រុសសហាយ នាំសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ តែម្តង។

ចំណែកភាគីស្ត្រីជាប្រពន្ធវិញ បានរៀបរាប់ប្រាប់ថា នាងនិងប្តីរស់នៅមិនចុះសម្រុងគ្នា អស់រយៈពេល២ឆ្នាំមកហើយ ទើបឈានដល់ការរស់នៅដោយឡែកពីគ្នា ហើយកន្លងមក ដោយយល់ថា ការរស់នៅជួបតែរឿងរកាំរកូសគ្មានសុភមង្គល រហូតដល់មើលមុខគ្នាលែងត្រង់ទៅហើយ ទើបនាងធ្លាប់ហៅប្តីមកនិយាយគ្នា ដោះស្រាយរឿងលែងលះគ្នាឱ្យដាច់ស្រេច នៅចំពោះមុខអាជ្ញាធរភូមិ-ឃុំ ឯស្រុកកំណើតដែរ តែខាងប្តីទេ ដែលមិនព្រមផ្តិតមេដៃលែងលះ។

ស្ត្រីជាប្រពន្ធ បានបន្តថា នាងនិងប្រុសថ្មី ឈ្មោះមាច ប៊ុនធឿន ចាប់ផ្តើមទាក់ទងស្នេហាគ្នាតាមរយៈហ្វេសប៊ុក ដោយចេះតែឆាតលេងឆ្លងឆ្លើយគ្នា រហូតដល់លង់ស្នេហ៍ប្រគល់បេះដូង ព្រមទាំងខ្លួនប្រាណទៅឱ្យបុរសខាងលើ អស់រយៈពេលជាង៤ខែមកហើយ ព្រោះតែនាងខឹងនឹងប្តីមិនព្រមផ្តិតមេដៃលែងលះ ទើបសម្រេចចិត្តបង្កើតស្នេហ៍ថ្មីដោយស្ងាត់ៗ បង្កាត់ភ្លើងតណ្ហាយ៉ាងពុះកញ្ជ្រោលបែបនេះទៅ។ លុះមកដល់យប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ នឹកឃើញជាឱកាស ខណៈដែលអ្នកស្នាក់នៅតាមបន្ទប់ជួលបានចាកចេញទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតអស់ហើយ ហេតុនេះនាងក៏ហៅប្រុសស្នេហ៍មកដេកកំដរក្នុងបន្ទប់ជួល ស្រាប់តែនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ប្តីនាងក៏មកទាន់ស្រែកផ្អើលឆោឡោ និងប្តឹងប៉ូលិសចុះមកឃាត់ខ្លួននាំចូលប៉ុស្តិ៍តែម្តង។

ដោយឡែក ភាគីបុរសជាប្រុសសហាយ លួចលាក់ដេករួមរ័កជាមួយប្រពន្ធគេដល់ក្នុងបន្ទប់ជួលនោះ បានឱ្យដឹងថា ខ្លួនគឺជាបុរសពោះម៉ាយមានកូនប្រុស២នាក់ ចំណែកប្រពន្ធបានលែងលះគ្នាអស់រយៈពេលជាង៤ឆ្នាំមកហើយ។ សព្វថ្ងៃខ្លួនដើរធ្វើការងារជាកម្មករសំណង់ លុះប៉ុន្មានខែមុននេះ ក៏លេងហ្វេសប៊ុក រហូតបានស្គាល់សុំស្នេហ៍ស្ត្រីខាងលើ ហើយខ្លួនក៏ដឹងដែរថា ស្រីស្នេហ៍រូបនេះ មិនទាន់លែងលះប្តីដាច់ស្រេចនៅឡើយ តែដោយឃើញរយៈពេលកន្លងមក នាងស្នាក់នៅតែម្នាក់ឯង ក៏មកដេកកំដរនាងតែម្តង។

នៅក្នុងប៉ុស្តិ៍នគរបាល ភាគីទាំង៣ បានលើកឡើងពីអំណះអំណាងហេតុផលរៀងៗខ្លួន ដោយភាគីខាងប្រពន្ធប្រកាន់នូវជំហរមិនព្រមទទួលយកប្តីវិញដាច់ខាត ព្រោះប្តីនេះអត់ចេះផ្តល់សេចក្តីសុខឱ្យនាង។ ហេតុនេះ នាងស៊ូស្រវាចាប់យកប្តីក្រោយនេះវិញ ទោះជាកម្មករសំណង់មែនពិត តែចេះថ្នមចិត្ត ផ្តល់ភាពស្រណុកកាយ សប្បាយអារម្មណ៍ជាងប្តីមុនដាច់។ ចំណែកបុរសជាប្តី គឺសុខចិត្តលែងលះជាមួយប្រពន្ធជើងល្អនេះ ព្រោះគាត់បានតាមទាន់ឃើញជាក់នឹងភ្នែក ខណៈដែលប្រពន្ធនាំប្រុសថ្មីមកដេករួមរ័កត្រេកត្រអាលដល់បន្ទប់ជួល ដោយគ្មានកេរ្តិ៍ខ្មាស អត់គិតថាខ្លួនមានប្តី មានកូនរហូតដល់៣នាក់ មិនឆ្អែតឆ្អន់នូវកាមកិលេស។ ប៉ុន្តែគាត់សុំតែម៉្យាងត្រង់ថា លុយកាក់ជាង៦ពាន់ដុល្លារ ដែលប្រពន្ធយកមក គាត់ត្រូវទាមទារយកវិញទុកសម្រាប់ចិញ្ចឹមកូន ហើយចាត់ទុកថា ជាថ្នូរនឹងការប្រគល់ប្រពន្ធទៅឱ្យអ្នកផ្សេងទៅចុះ។

ដោយឡែក ភាគីប្រុសសហាយក៏យល់ព្រមប្តូរផ្តាច់សុខចិត្តទទួលយកស្ត្រីជាប្រពន្ធគេនេះ ធ្វើជាប្រពន្ធខ្លួនដែរ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីខាងលើនេះ ទោះបីមានការស្រុះស្រួលគ្នាយ៉ាងណា តែនៅតែដោះស្រាយមិនទាន់ចេញនៅឡើយ ព្រោះតែភាគីខាងប្រពន្ធគ្មានលុយប្រគល់ឱ្យប្តីទេ មានតែដោះគ្រឿងអលង្ការអស់ពីខ្លួន សរុបជាទឹកប្រាក់បានប្រមាណជាង២០០ដុល្លារប៉ុណ្ណោះ ហេតុនេះទើបចរចាគ្នាមិនត្រូវ។ ចំណែកលុយជាង៦ពាន់ដុល្លារនោះ ត្រូវស្ត្រីប្រពន្ធប្រាប់ថា នាងស៊ីចាយអស់រលីងហើយ ទើបធ្វើឱ្យភាគីប្តីកើតទុក្ខមិនសុខចិត្ត ដោយសារអស់ទាំងទ្រព្យសម្បត្តិអស់ទាំងប្រពន្ធទៀត ទើបដាក់ពាក្យបណ្តឹង រហូតសមត្ថកិច្ច ត្រូវរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនស្ត្រីជាប្រពន្ធ និងបុរសជាប្រុសសហាយទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងចាត់ការបន្ត៕ប្រភពដើម៖ Nokorthomdaily.com