មេឃុំវ័យក្មេងបំផុតប្រាប់គម្រោងអភិវឌ្ឍសង្កាត់ ដឹងហើយ​អ្នកសៀមរាប​ញញឹមទុកមុន

យុវជន​វ័យ ២៦ ឆ្នាំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​សៀមរាប បាន​ក្លាយ​ជា​បេក្ខជន​ក្មេង​ជាង​គេ​បំផុត ដែល​បាន​ឈ្នះ​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ឈ្នះ​ដាច់​លើ​គូ​ប្រកួត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា (CNRP 8336 , CPP 4515) ដែល​​​បាន​កាន់​តំណែង​ជា​​ចៅសង្កាត់​សាលា​កំរើក​ ៣​ អាណត្តិ​កន្លង​មក​ហើយ។

លោក ជិន សុខងេង ​បាន​ប្រាប់​មូលហេតុ​ធ្វើ​ឲ្យ​លោក​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​ចង់​ឲ្យ​អ្នក​ចេះ​ដឹង ​ជួរ​បញ្ញាវន្ដ អ្នក​រៀន​សូត្រ​បាន​ខ្ពស់​បាន​បញ្ចេញ​ស្នាដៃ​អភិវឌ្ឍ​ន៍ឃុំ​សង្កាត់។ ចំពោះ​​គម្រោង​អភិវឌ្ឍន៍​សង្កាត់​​របស់​លោក ​​ពេល​ក្លាយ​ជាមេឃុំ​ផ្លូវ​ការមាន​ដូច​តទៅ៖

១. រៀប​ចំ​ប្រព័ន្ធ​រដ្ឋបាល​ចាស់​ឲ្យ​ក្លាយ​ជា​ប្រព័ន្ធ​រដ្ឋបាល​ដឹក​នាំ​​ថ្មី​មួយ​មាន​ដូច​ជា ត្រូវ​ស្អាត​ស្អំ មិន​ពុក​រលួយ មិន​រើស​អើង​និន្នាការ​នយោបាយ

២. មិន​ពុក​រលួយ៖ គឺមាន​ន័យ​ថា​​ មិន​យក​ប្រាក់​លើស​កំណត់​​ដែល​ច្បាប់​បាន​កំណត់ជា​ដាច់ខាត​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេង​ៗ​

៣. សេវា​កម្ម​លិខិត​ស្នាម​នានា​ត្រូវ​តែ​ទាន់​ពេល​វេលា បើ​លិខិត ឬ​ឯកសារ​​ណា​តម្រូវ​មួយ​ថ្ងៃ គឺ​មួយ​ថ្ងៃ​ឲ្យ​រួច

៤. បង្កើត​គណៈកម្ម​ការ​ពិសេស​ ដើម្បី​សិក្សា​ស្វែង​យល់​បញ្ហា​ប្រឈម​នានា​​​ជុំវិញ​សង្កាត់ ពិសេស​ពលរដ្ឋ​ទាំង ៧​ភូមិ​​ក្នុង​សង្កាត់​​​សាលា​កំរើក។ ​មេឃុំ​ថ្មី​នឹង​រៀប​ចំ​ឲ្យ​មាន​តម្លាភាព សុច្ចរិតភាព និង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ការ​អភិវឌ្ឍ​ស្មើ​ៗ​គ្នា។

៥. បញ្ហា​បរិស្ថាន៖ សាលា​កំរើក​ជា​សង្កាត់​នៅ​ក្នុង​ទីក្រុង​សៀម​រាប​ដែល​មាន​ភ្ញៀវ​ទេសចរ​ចេញ​ចូល​ច្រើន​ ហើយ​បញ្ហា​​ត្រូវ​ដោះ​ស្រាយ​ប្រព័ន្ធ​ផ្លូវ លូ ​ព្រោះ​ភ្លៀង​ម្ដង​ៗ​លិច​ខ្លាំង​ធ្វើ​ឲ្យ​ពលរដ្ឋ​រអ៊ូ​គ្រប់ៗ​គ្នា។

ចំពោះ​សំណួរ​ថា តើ​លោក​រំពឹង​ថា​គម្រោង​នេះ​អាច​សម្រេច​ទៅ​រួច​ដែរ​ទេ?

មេឃុំ​វ័យ​ក្មេង​រូបនេះ​​ឆ្លើយ​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា “យើង​ខ្ញុំ​​សង្ឃឹម សង្ឃឹម​​ថា ក្នុង​ការ​ដឹក​នាំ​ខាង​មុខ​នេះ​នឹង​អាច​ធ្វើ​បាន​ដោយ​សារ​មេដឹក​នាំ​មាន​ឆន្ទៈ​ដោះ​ស្រាយ បើ​ធ្វើ​អន់​ជាង​មេឃុំ​មុន ​មេឃុំ​ថ្មី​សុខ​ចិត្ត​ចុះចេញ​ភ្លាម។ លោក​ប្ដេជ្ញា​ថា ​រាល់​ការ​អភិវឌ្ឍ​ណា ប៉ះពាល់​ពលរដ្ឋ​លោក​មិនធ្វើ​ជា​ដាច់​ខាត។

សារ​ប្ដេជ្ញាចិត្ត​ទាំង​ប៉ុន្មាន​ខាង​លើ ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​សាទរ ហើយ​ពួក​គេ​ក៏​រង់​ចាំ​មើល​មេឃុំ​កំឡោះ​នេះ​បញ្ចេញ​ថ្វីដៃ​ដែរ ដូច្នេះ​មាន​តែ​ពេលវេលា​ប៉ុណ្ណោះទើប​អាច​ដឹង​ការពិត​។

About Admin

Leave a Reply

Your email address will not be published. Required fields are marked *