គួរឱ្យស្តាយណាស់ ជិត ១ ឆ្នាំសោះ បុគ្គលដ៏ឆ្នើមក្នុងសិល្បៈ ៣ រូប បានបាត់បង់ជីវិតបន្តគ្នា !

ជា​រឿង​ដែល​នឹក​មិន​ស្មាន​ដល់​សម្រាប់​ស្ថានីយទូរទស្សន៍ និង ផលិតកម្ម​មួយចំនួន ដែល​ត្រឹមតែ​មួយប៉ប្រិចភ្នែក​សោះ ពោលគឺ​មិនទាន់បាន ១ ឆ្នាំ​ស្រួលបួល​ផង បាន​បាត់បង់​បុគ្គលិក​ឆ្នើម​មាន​ស្នាដៃ ៣ រូប​ក្នុង​សិល្បៈ​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ទីនោះ​ជា​បន្តបន្ទាប់ ។ តើ​បុគ្គល​ឆ្នើម​រូបនោះ​ជានរ​ណាខ្លះ ? ថ្ងៃនេះ «​ប្រជាប្រិយ​» នឹង​ជម្រាប​ដូចខាងក្រោម ៖

១- លោក អ៊ា វ​ឌ្ឍ​នា​
​លោក អ៊ា វ​ឌ្ឍ​នា គឺជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថោ​ន ហើយ​លោក​ក៏​ជា​ស្ថាបនិក​មួយរូប​ដែល​បាន​បង្កើត​ក្រុម​ចម្រៀង​យុវវ័យ EV Band ។ អ្នកគ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថោ​ន​រូបនេះ បានទទួល​មរណភាព​កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៧ កន្លងទៅ នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​បារាំង ដោយ​ជំងឺ​បែក​ទឹកប្រមាត់ ។ មរណភាព​របស់លោក អ៊ា វ​ឌ្ឍ​នា កាលពីពេល​កន្លងទៅនេះ បានធ្វើឱ្យ​អ្នកសិល្បៈ ជាពិសេស​អតីត​សមាជិក​ក្រុម EV Band និង មហាជន​ដែល​រាប់អាន​រូបលោក​មានកា​រ​សោកស្តាយ និង កើតទុក្ខ​ក្រៀមក្រំ​ជាទីបំផុត ។​

២- លោក ម៉ា សេរី​
​លោក ម៉ា សេរី គឺជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​ដ៏​មាន​ថ្វីមាត់​ក្នុង​វិស័យ​កីឡា​ជាតិ និង អន្តរជាតិ​មួយរូប ហើយ​លោក​ក៏​ជា​អ្នក​ផលិត​កម្មវិធី​កីឡា​ដ៏​ល្បីល្បាញ ព្រមទាំង​ជា​អ្នកនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​ផងដែរ ។ លោក ម៉ា សេរី បាន​លាចាក​លោក​នេះ​កាលពី​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​ជំងឺមហារីក​ថ្លើម ។ ការបាត់បង់​អាយុជីវិត​របស់​អ្នក​អត្ថ​ធិ​ប្បាយ​ដ៏​ឆ្នើម​រូបនេះ ពិតជា​បានធ្វើឱ្យ​មហាជន មិត្ត​សិល្បៈ និង កីឡាករ​-​ការិនី យ៉ាងច្រើន​រន្ធត់ចិត្ត​នឹក​ស្រណោះ​មិន​អស់​អាល័យ​យ៉ាងខ្លាំង​ចំពោះ​រូបលោក ។​

៣- លោក អ៊ិត សេដ្ឋា​
​លោក អ៊ិត សេដ្ឋា គឺជា​ពិធីករ​ដ៏​ល្បីល្បាញ និង មាន​វោហារ​ស័ព្ទ​ចាក់​មិន​លិច​មួយរូប​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជា​រៀមច្បង​ដ៏​មាន​បទពិសោធ​មួយរូប​ក្នុង​សិល្បៈ​ដែល​តែងតែ​ផ្តល់​ដំបូន្មាន​ដល់​សិល្បករ​ជំនាន់​ក្រោយ​ផងដែរ ។ លោក អ៊ិត សេដ្ឋា បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ​ថ្មីៗ​នេះ ពេល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​ជំងឺមហារីក​ថ្លើម និង ជំងឺ​ទឹកនោមផ្អែម ។ ការ​លាចាក​លោក​របស់​ពិធីករ​រូបនេះ បានធ្វើឱ្យ​អ្នក​ម្តាយ កូនប្រុស​ស្រី មិត្ត​សិល្បៈ និង មហាជន​ទូទៅ​ក្តុកក្តួល​អួលណែន កើតទុក្ខ​ក្រៀមក្រំ​ជា​អតិបរមា ដោយសារតែ​ពួកគេ​បាន​បាត់បង់​កូន ឪពុក រៀមច្បង​ក្នុង​សិល្បៈ និង អ្នក​អត្ថាធិប្បាយ​ដ៏​ឆ្នើម​ម្នាក់​ដែល​គ្មា​ថ្ងៃ​ជួប​វិញ ៕ប្រភព៖ ប្រជាប្រិយ