ម្តាយលោក T.O.P មានការឈឺចាប់ចំពោះព័ត៌មាន ខណៈកូនប្រុសស្ថិតក្នុងសភាពជិតស្លាប់

​ម្តាយបង្កើត​របស់​តារាចម្រៀង​កូរ៉េ​ល្បីឈ្មោះ​លោក T.O.P បាន​និយាយ​ពី​ស្ថានភាព​សុខភាព​របស់លោក​កាលពីពេល​ថ្មីៗ​នេះ ដោយបាន​បញ្ជាក់​យ៉ាងច្បាស់​ថា លោក T.O.P ស្ថិតក្នុង​ដំណាក់កាល​ជិត​ស្លាប់​ទៅហើយ ។​

​អ្នកស្រី​បាន​បញ្ចេញ​កំហឹង និង ស្នើសុំ​រាល់​សារព័ត៌មាន​ទាំងអស់​ឈប់​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​និយាយថា លោក T.O.P មិនមាន​កើត​អ្វី ។ អ្នកស្រី​បាន​និយាយថា «​កូនប្រុស​ខ្ញុំ​ពេលនេះ​មិនទាន់​ដឹងខ្លួន​ទេ ហើយ​ពេលដែល​ខ្ញុំ​អាន​អត្ថបទ​ដែល​និយាយថា “​លោក T.O.P គេង​ស្កប់ស្កល់​នោះ​” វា​ធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​ណាស់ ។ សូម​កែតម្រូវ​ព័ត៌មាន​នេះ​ផង ។ ពួកយើង​មិនទាន់​ដឹងថា មានរឿង​អ្វី​ទេ តែ​កូនប្រុស​ខ្ញុំ​ហាក់​ស្ថិតក្នុង​ដំណាក់កាល​ដ៏​ធ្ងន់ធ្ងរ​មួយ ។ ពេលនេះ​ខ្ញុំ​ឃើញ​កូនប្រុស​ខ្ញុំ​ជិត​ស្លាប់ តែ​សារព័ត៌មាន​បែរជា​ចុះផ្សាយ​ថា កំពុង​គេង​ទៅវិញ​» ។ អ្នកស្រី​បានបញ្ជាក់​ទៀតថា កូនប្រុស​គាត់​អាច​ជួប​បញ្ហា​ខួរក្បាល ក្រោយ​ខ្វះខាត​ខ្យល់​អុកស៊ីហ្សែន ។​

​គួរ​បញ្ជាក់ដែរថា ក្រោយ​ព័ត៌មាន​នេះ​ត្រូវបាន​ចែកចាយ គេ​សង្កេតឃើញថា​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​អ្នកស្រី និង ជូនពរ​ឱ្យ​លោក T.O.P ឆាប់​ដឹងខ្លួន ជាពិសេស​ក៏បាន​បញ្ចេញ​កំហឹង​ទៅលើ​សារព័ត៌មាន​ដែល​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​នោះដែរ ៕