ខេមរៈ សិរីមន្ត ​និង​ បងប្រុស​ លោក ខេមរៈ ភា​រុណ មានបំណងចង់​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន!!

​រហូតមកដល់​ពេលនេះ ខេមរៈ សិរីមន្ត នៅតែ​ជា​តារាចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំងពី​សំណាក់​មហាជន​ ជាពិសេស​ពីសំណាក់មិត្តៗយុវវ័យ ។ អ្វីដែលកត់សម្គាល់នោះ ខេមរៈ សិរីមន្ត នៅតែ​ជា​តារាចម្រៀង ​ដ៏​លេចធ្លោ​នៅក្នុង​ផលិតកម្ម​សាន់​ដេ ។ ថ្មីៗ​នេះ​មាន​លេចលឺ​ពត៌មាន​ថា តារាចម្រៀង​រូបនេះ​ មាន​គម្រោង​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន ។​

​មាន​មិត្តភក្តិ ដែលជិតស្និទ្ធ​ជាមួយ​តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហើបប្រាប់អ្នកយកព័ត៌មានរបស់យើងថា ​ពេលនេះ​តារាចម្រៀង ខេមរៈ សិរីមន្ត ​និង​ បងប្រុស​ លោក ខេមរៈ ភា​រុណ មានបំណងចង់​បើក​ផលិតកម្ម​ផ្ទាល់ខ្លួនមួយ តែ​លេច​រូបរាង​នៅពេលណា​ពិតប្រាកដ​នោះ​ គឺមិនទាន់​ច្បាស់នៅឡើយ​ទេ ។

ក្នុងនោះ​ក៏​មានការ​បន្ថែមថា ​ប្រសិនបើ ខេមរៈ សិរីមន្ត បើក​ផលិតកម្ម​ផ្ទាល់ខ្លួនពិតមែន​នោះ​ លោក​នឹងកាន់តែ​លេចធ្លោ ដោយសារ​លោក​អាចមាន​ឱកាស​ចេញ​បទ​ចម្រៀង​តាម​តម្រូវការរបស់ខ្លួន ។ ជា​ពិ​​សេស​មានការជួយ​ជ្រោមជ្រែង​ពីសំណាក់​លោក ខេមរៈ ភា​រុណ ដែលជា​អ្នកនិពន្ធ​បទ​ចម្រៀង និង ជា​បងប្រុសបង្កើត​របស់លោក​ស្រាប់ ។ ខេមរៈ ស្រី ពៅ ក៏​អាចលេចមុខ​នៅក្នុង​ផលិតកម្ម​នោះដែរ ។

​ទាក់ទង​នឹងរឿងនេះ​ អ្នកយក​ព័ត៌មានរបស់​យើង​មិនទាន់​ទទួលបាន​ការបកស្រាយ​ពី​សំណាក់​លោក ខេមរៈ សិរីមន្ត នៅឡើយទេ ។ ចុងក្រោយ​នេះ ​បទចម្រៀង​របស់​តារាចម្រៀង​និយម​ទុក​ពុកមាត់​ពពែ​រូបនេះ​ មាន​បទ​លេចធ្លោ​តិចជាង​បណ្តា​ឆ្នាំមុនៗ ដែលមាន​ដូចជា​បទ « ស្រុក​ខ្ញុំគេ​រាំ​តែអ៊ីចឹង​» ។ ក្រៅពីជាតារាច្រៀង​លោក ខេមរៈ សិរីមន្ត ក៏​លេចមុខ​នៅក្នុង​ស្ប៉ត​ពាណិជ្ជ កម្ម និង ធ្លាប់បាន​ចូលរួម​សម្តែង​រឿង​ខ្នាត​ធំឱ្យ​ផលិតកម្មសាន់​ដេ​ផងដែរ ។ សព្វថ្ងៃ ខេមរៈ សិរីមន្ត កំពុង​មមាញឹក​ក្នុងការ​កើប​លុយ​ នៅតាម​ការប្រគំ​តន្ត្រី​នានា ​នៅតាម​បណ្តាខេត្ត ៕ ប្រភព៖ ប្រជាប្រិយ