នាំប្រុសក្មេងឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ពេលប្តីតាមទាន់ដោះសារថាហៅប្អូនធម៌មកនិយាយគ្នាលេង

ខេត្តបាត់ដំបង ៖ ស្រ្តីសក់ទង់ដែងម្នាក់​ដែល​បានប្រឹងប្រែងបំផុតនាពេលកន្លងមក ក្នុង​ការ​ស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការការពារ​សិទ្ធិ​មនុស្សនានា រហូតឈានដល់ការសំរេចដាក់​ពាក្យ​បណ្ដឹងចូលទៅតុលាការ ដើម្បីសុំលែង​លះ​ប្ដី ដោយចោទប្ដីថា ជាមនុស្សមិនស្មោះត្រង់ ហើយធ្វើបាបចិត្តនាងគ្មានប្រណី។ ប៉ុន្តែផ្ទុយ​ទៅ​វិញនៅពេលដែលសំណុំរឿងនេះកំពុងដំណើរការ​ក្នុងតុលាការ ដោយមិនទាន់ប្រកាសសាលក្រម​ផង ស្រាប់តែនាងនាំប្រុសក្មេងចូលផ្ទះសំណាក់​ទាំងថ្ងៃ តែនាងប្រកែកថា ជា «ប្អូនធម៌» ក្នុង​គ្រា​ដែល​ប្ដីតាមទាន់រួចប្ដឹងសមត្ថកិច្ចមកក្របួច​ដល់ក្នុងបន្ទប់។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាច​ថ្ងៃទី១០ កុម្ភៈ នៅផ្ទះសំណាក់ «១០ធ្នូ» ដែល​ស្ថិត​ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ មន្រ្តីនគរបាលព្រហ្មទណ្ឌ​ខេត្ត​ដែលចុះអន្តរាគមន៍លើករណីនេះបានប្រាប់ថា ស្រ្តី​ដែលត្រូវប្ដីតាមទាន់ពេលនាំប្រុសក្មេងចូល​ផ្ទះសំណាក់នោះឈ្មោះញ៉ាន់ សាម៉េត អាយុ២៧​ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុក​រុក្ខគិរី និងប្រុសក្មេងដែលនាងថា ជា «ប្អូនធម៌» នោះឈ្មោះយ៉ុង ផាន អាយុ២៥ឆ្នាំ រស់នៅភូមិ​ដូន​ទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី។ ដោយឡែក​ស្វាមី​ដែលតាមទាន់ប្រពន្ធនោះឈ្មោះភី ចាន់រ៉ា អាយុ៣១ឆ្នាំ មានមុខរបរជានាយក​សាលាមួយ​នៅឃុំព្រែកជីក។ សមត្ថកិច្ចបានបញ្ជាក់ថា លោក​ចាន់រ៉ា បានប្រទះឃើញប្រពន្ធរបស់គាត់​នាំ​ប្រុសក្មេងនោះចូលផ្ទះសំណាក់ ហើយក៏បាន​ប្ដឹង​សមត្ថកិច្ចជំនាញតែម្ដង ដែលពួកគេកំពុង​ស្ថិត​ក្នុងបន្ទុប់ជាមួយគ្នា។

លោកភី ចាន់រ៉ា បានប្រាប់សមត្ថកិច្ចនៅក្នុង​ការិយាល័យជំនាញថា តាមពិតរូបលោក និង​ប្រពន្ធសក់ពណ៌ទង់ដែងម្នាក់នេះកំពុងប្រឈម​នឹងការលែងលះគ្នា ហើយ​សំណុំរឿងកំពុង​ដំណើរ​ការ​ក្នុងតុលាការដែលនាងជា «អ្នកប្ដឹង» ដោយ​ចោទ​ប្រកាន់រូបលោកថា ជាអ្នកមិន​ស្មោះ​ត្រង់ និងធ្វើបាបទាំងផ្លូវកាយ​ទាំង​ផ្លូវ​ចិត្ត​លើ​រូប​នាង។ លោកនាយកសាលារូបនេះនិយាយថា ប្រពន្ធ​គាត់បានព្យាយាមយករឿងនេះទៅបញ្ចុះ​បញ្ចូល​ឲ្យអង្គការសង្គមស៊ីវិលមួយចំនួនជឿលើ​នាង​ដែលនាងតាំងខ្លួនឯងជាភរិយាដ៏ល្អផូរផង់ រួម​ទាំង​ការឆ្លើយបំភ្លឺក្នុងតុលាការផង។ កំហុស​ទាំង​អស់នាងបានឆ្លើយដាក់បន្ទុកមកលើរូប​លោក​ទាំងស្រុងថាជាអ្នកផ្ដើមឡើង តែផ្ទុយទៅ​វិញ​នាង​បានបង្កើតគំនិតនេះរួចជាស្រេចហើយ ដើម្បី​ចាកចេញពីរូបលោក។

លោកបញ្ជាក់ថា ចៅក្រមបានបើក​ការ​ជំនុំ​ជំរះ២លើកហើយ តែថា ប្រពន្ធរបស់លោក​ហាក់​ដូចជាប្រញាប់ពេកក្នុងការនាំមនុស្ស​ប្រុស​ចូលផ្ទះសំណាក់ ព្រោះតុលាការមិនទាន់​ប្រកាស​សាល​ក្រមទេ។ ដូច្នេះលោកប្ដឹងទៅសមត្ថកិច្ច​ឲ្យ​ជួយចាត់ការពេលលោកតាមទាន់នូវមារយាទដ៏​ល្អផូរផង់របស់នាងក្នុងផ្ទះសំណាក់ជាមួយប្រុស​ក្មេងបែបនេះ គឺលោកគ្រាន់តែចង់ឲ្យ​សមត្ថកិច្ច​ចងក្រងសំណុំរឿងបន្ថែមដាក់ជូនលោកចៅក្រម​ឲ្យបានដឹងពីមារយាទរបស់ប្រពន្ធលោកតែ​ប៉ុណ្ណោះ តើនាងពិតជាល្អដូចការអះអាង​ក្នុង​សវនាការមែនដែឬអត់?
ប្រភព៖kosaba.com

About Admin