ពិធីបុណ្យសព អ៊ិត សេដ្ឋា ទើបតែចប់ ឥលូវចូលដល់ម្តាយកញ្ញា សោម ស្រីនាថ ទៀតហើយ!

បើតាម​ការរៀបរាប់រ​បស់​តារា​សម្តែង និង ម៉ូ​ដែល ច​ន ច័ន្ទ​លក្ខិណា នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានឱ្យដឹងថា កាលពី​ម្សិលមិញ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ ម្តាយ​របស់​តារា​សម្តែង សោម ស្រីនាថ បានទទួល​មរណភាព​ហើយ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មួយរយៈ​ហើយ​នោះ ។​

​បើ​ងាក​ទៅ​តារា​សម្តែង សោម ស្រីនាថ ក៏បាន​ឱ្យដឹង​ដែរ​ថា ពេលនេះ​នាង និង ក្រុមគ្រួសារ​កំពុង​ជួប​ទុក្ខ​ធំ​ណាស់​ក្នុង​ជីវិត ព្រោះតែ​អ្នកមានគុណ ពោលគឺ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​របស់​នាង​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មួយរយៈ​ធំ​នោះ បាន​លាចាក​លោក​ចោល​នាង​ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​វិញ​ឡើយ ។ កញ្ញា សោម ស្រីនាថ បានបង្ហាញ​អារម្មណ៍​សោកស្តាយ និង រន្ធត់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​អ្នក​ម្តាយ​របស់ខ្លួន ។​

អ្វីដែល​គួរឱ្យ​រំជួលចិត្ត​នោះ កញ្ញា សោម ស្រីនាថ បាន​សរសេរ​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​អារម្មណ៍​ទាំងនោះ​ទាំង​ក្តី​ក្តុកក្តួល​អួល​ដើម​-​កថា «​ម៉ែ​ចិត្តអាក្រក់​ណាស់ ម៉ែ​ប្រាប់​កូន ម៉ែ​នឹង​ស៊ូ​ជាមួយ​កូន ប៉ុន្តែ​ពេលនេះ​ម៉ែ​បាន​ទៅ​ចោល​កូន​ឱ្យ​កូនកំព្រា​ហើយ ។ ម៉ែអើយ​ម៉ែ ពេលនេះ​កូន​ពិតជា​នឹក​ម៉ែ​ខ្លាំងណាស់ នឹក​អនុស្សាវរីយ​ដែល​ម៉ែ​បាន​បន្សល់​ទុកឱ្យ​កូន នឹក​ស្នាមញញឹម​ម៉ែ នឹក​ម្ហូប​ដ៏​ឆ្ងាញ់​របស់​ម៉ែ នឹក​អ្វី​គ្រប់យ៉ាង ។ អារម្មណ៍​របស់​កូន​ពេលនេះ​ពិតជា​មិនអាច​ធ្វើបាន ម៉ែ​ហា​…​ឮ​កូន​ហៅ​ទេ ។ កូន​សូមទោស​ម៉ែ ដែល​មិន​អាចជួយ​ម៉ែ​បាន ម៉ែ​កម្សត់​របស់​កូន ក្នុង​មួយ​ឆាកជីវិត​នេះ​ម៉ែ​ហត់នឿយ​ណាស់ ម៉ែ​ខំប្រឹង​គ្រប់យ៉ាង​ដើម្បី​កូន ម៉ែ​ហត់​ហើយ​សម្រាក​ទៅ ទុក​ភារកិច្ច​នេះ​ទុកឱ្យ​កូន​ជា​អ្នកមើល​ប្អូនៗ កូន​ដឹងថា​ម៉ែ​បារម្ភ​ពី​កូន​មិន​ចង់ឱ្យ​កូន​ពិបាក ប៉ុន្តែ​ម៉ែ​កំ​ុ​បារម្ភ​ម៉ែ​ទៅឱ្យ​បាន​សុខ​ចុះ កូន​នឹង​មើលថែ​ប្អូន​ឱ្យបាន​ល្អ សំ​ុ​ជាតិ​ក្រោយ​សំ​ុ​កើត​ក្នុង​ផ្ទៃ​ម្តាយ​ដ៏​អស្ចារ្យ​ទៀត កូន​ស្រឡាញ់​ម៉ែ​ណាស់ ម៉ែ ។ អរគុណ​អ្នក​ទាំងអស់គ្នា​ខ្លាំងណាស់ សុំទោស​ដែល​មិនបាន​តប​សារ ឬ comment ព្រោះ​ពេលនេះ​អារម្មណ៍​ខ្ញុំ​ពិតជា​មិនដឹងថា​ត្រូវ​និយាយ​អ្វី​» ។​

​គួរ​បញ្ជាក់ដែរថា ម្តាយ​របស់​តារា​សម្តែង សោម ស្រីនាថ បាន​ធ្លាក់ខ្លួន​ឈឺ​មួយរយៈ​មកហើយ​ដោយសា​រ​ជំងឺមហារីក ហើយ​រហូតមកដល់​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ នា​វេលា​ម៉ោង ២ និង ៣០ រសៀល ដោយ​មិនអាច​តតាំង​ឈ្នះ​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន ម្តាយ​របស់​នាង​បានទទួល​មរណភាព​ទៅ ហើយ​ពេលនេះ​សព​ម្តាយ​របស់​កញ្ញា សោម ស្រីនាថ បាន​តម្កល់ និង ធ្វើបុណ្យ​នៅ​វត្ត​ទឹកថ្លា ៕

About Admin

Leave a Reply

Your email address will not be published. Required fields are marked *