វិធីសាស្រ្តមួយចំនួនដែលជួយឲ្យអ្នកស្រកគីឡូបានឆាប់រហ័ស

មនុស្សយើងម្នាក់ៗកើតមកគ្មានអ្នកណាម្នាក់ចង់មានរូបរាងអាក្រក់នោះទេ តែអ្នកខ្លះក៏មានរូបរាងធាត់ជ្រុលដែលជាហេតុធ្វើឲ្យមិនសប្បាយចិត្តនឹងរូបរាងរបស់ខ្លួន ហើយអ្នកខ្លះទៀតក៏មានរូបរាងស្រស់ស្អាត តូចច្រឡឹងតាំងតែពីកំណើត។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលមានរូបរាងធាត់ សាច់ច្រើន កុំព្រួយ បារម្មណ៍ពេកអី ព្រោះយើងមានវិធីសាស្រ្តយ៉ាងច្រើនដែលជួយ ធ្វើឲ្យអ្នកមានរាងស្រឡូន និងស្រកទម្ងន់បានយ៉ាងឆាប់រហ័ស។ ក្រោយពីការសិក្សា សុខភាពក៏មានសារៈសំខាន់ដែរ ដូចនេះត្រូវឆ្លៀតពេលខ្លះដើម្បីថែទាំសុខភាពរបស់យើង។ នេះជាអ្វីដែលអាឡាដាំងបានស្រាវជ្រាវ សម្រាប់អ្នកដែល ចង់ស្រកទម្ងន់ឆាប់។

១. ញ៉ាំអាហារពេលព្រឹកដែលមានវីតាមីន

តាមការស្រាវជ្រាវបានឲ្យដឹងថា ការបរិភោគ អាហារពេលព្រឹកជាការ សំខាន់បំផុត ជាពិសេសសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ អ្នកគួរកាត់បន្ថយអាហារនៅពេលថ្ងៃ និងពេលល្ងាច តែអ្នកមិនគួរ អត់បរិភោគអាហារពេលព្រឹកទេ ព្រោះវាសំខាន់បំផុត។ ជាពិសេស យើងគួរបរិភោគអាហារពេលព្រឹកឲ្យបានទៀងទាត់ និងបរិភោគ អាហារណាដែលមានវីតាមីនច្រើន។

២. ហាត់ប្រាណឲ្យបានទៀងទាត់

បើចង់ស្រកទម្ងន់ អ្នកគួរតែធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ។ វាជាប្រការមួយសំខាន់បំផុត។ អ្នកអាចជ្រើសរើសការហាត់ប្រាណណា ដែលសាកសមជាមួយនឹងអ្នក ដូចជា ការរត់តិចៗពេលព្រឹកជាប្រចាំ ឬហាត់យោហ្គាជាដើម។

៣. ញ៉ាំម្ទេស

ម្ទេសពិតជាអាចជួយក្នុងការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព។ តាមការ​ស្រាវជ្រាវបាន​បង្ហាញ​ថា ​ការញ៉ាំ​ម្ទេស​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​​ដល់​ ២៥​ %​ ព្រោះ​​អាហារ​ហិល​ធ្វើ​ឲ្យ​យើង​បែក​ញើស​ជាង​ធម្មតា​ ​រំលាយ​អាហារ​​បាន​លឿនជាងរាល់ដង។ ​

៤. ញ៉ាំផ្លែ​ប៉ោម

តើអ្នកធ្លាប់ដឹងទេថាផ្លែប៉ោមពិតជាអាចជួយឲ្យអ្នកស្គមជាងមុនបាន? ពិតណាស់ វា​ជួយ​ក្នុង​ការ​សម្រកទម្ងន់​បាន​យ៉ាងប្រសិទ្ធិភាព។​ ការ​សិក្សា​​បង្ហាញ​ថា​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​៣​ផ្លែ​មួយ​ថ្ងៃ​អាច​ស្រក​ទម្ងន់​បាន​ប្រសើរ​ជាង​អ្នក​​មិន​​ញ៉ាំសោះ។

៥. ញ៉ាំអាហារយឺតៗ

អ្នកមិនគួរញ៉ាំអាហារលឿនពេកនោះទេ ព្រោះការញ៉ាំយឺតៗធ្វើឲ្យអ្នកញ៉ាំ បានតិច និងមានអារម្មណ៍ថាឆាប់ឆ្អែត។

៦. ញ៉ាំបន្លែឲ្យច្រើន

ប្រសិនបើអ្នកចង់ស្រកទម្ងន់ពិតមែន អ្នកគួរតែកាត់បន្ថយ ទម្លាប់នៃការ ញ៉ាំសាច់ច្រើន មកជាញ៉ាំបន្លែច្រើនជំនួសវិញ។ ការធ្វើបែបនេះពិតជា ជួយអ្នកបានច្រើនណាស់។

៧. គេងឲ្យបានគ្រប់គ្រាន់

អ្នកគួរគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ការគេងមិនបានគ្រប់គ្រាន់់ ឬគេងមិនទៀងទាត់ជាកត្តាសំខាន់បំផុតដែលធ្វើឲ្យអ្នកឡើងទម្ងន់ ដូច្នេះ ហើយអ្នកត្រូវយកចិត្តទុកដាក់ចំពោះការគេង។

ប្រភព៖ អាឡាដាំង